Drink coffee. Talk politics. Blog opinions

Debate

តើប្រទេសកម្ពុជាគួតែដាក់បញ្ចូលមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ ចូលក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដែរឬទេ?

76.68% 23.32%
Moderator
Mr.ង៉ិល សម្បតិ្ត

សូមស្វាគមន៍មកកាន់ការតទល់មតិរបស់កាហ្វេនយោបាយ! នេះគឺជាការធ្វើការតទល់មតិលើកទី១របស់យើង​​​ ហើយប្រធានបទគឺ៖​ «តើប្រទេសកម្ពុជា​គួតែដាក់បញ្ចូល​ មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ​ ចូលក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដែរឬទេ?» ដែលមានវត្តមាន​ កញ្ញា​ សាមឿត ស៊ាវម៉េង​ ខាងស្រប​ និង លោក វណ្ណ​ ប៊ុនណា​ ខាងបដិសេធ ដោយម្នាក់ៗ​ជ្រើសរើសយកទឡ្ហីករណ៍តែចំនួន៣ប៉ុណ្ណោះ​ យកមកបកស្រាយ។ សូមបញ្ចាក់ផងដែរថា ទឡ្ហីករណ៍ដែលពួកគាត់បានយកមកដេញដោលនេះ មិនមែនជាមតិផ្ទាល់ខ្លួនរបស់គាត់នោះទេ ដោយសាតែយើងត្រូវកំណត់ឲ្យមានអ្នកស្រប និងអ្នកបដិសេធ។ គោលបំណងនៃការតទល់មតិ គឺដើម្បីលើកកម្នូពស់នូវវប្បធម៌សន្ទនាប្រជាធិបតេយ្យក្នុងចំណោមយុវជននៅកម្ពុជា។

សូមអានការដេញដោលមតិនេះឲ្យបានល្អិតល្អន់ជាមុនសិន​ មុននឹងអ្នកទាំងអស់គ្នាបោះឆ្នោតឲ្យបេក្ខជនរបស់យើង។​ នេះដោយសារតែអ្នកទាំងអស់គ្នាអាចបោះឆ្នោត​ បានតែម្ដងប៉ុណ្ណោះ ដោយប្រើប្រាស់គណនីហ្វេសប៊ុក។​ ក្រុមកាហ្វេនយោបាយ​ មិនមានសិទ្ធិនិងមិនអាចដឹងបានទេ​ថា អ្នកណាបានបោះឆ្នោតបេក្ខជនមួយណា។​ ការបោះឆ្នោត គឺអនាមិកទាំងអស់! រយ:ពេលនៃការបោះឆ្នោត​ គឺពីរសប្ដាហ៍ ហើយអ្នកដែលទទួលបានភាគរយច្រើនជាង​ គាត់គឺអ្នកឈ្នះ។ អ្នកអាចចូលរួមបញ្ចេញមតិយោបល់ទៅលើការដេញដោលនេះ នៅខាងក្រោមបាន!

Read more...
Agree
Ms.សាមឿត ស៊ាវម៉េង

ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជន គួរតែសិក្សាអំពីនយោបាយ។ មិនថាសិស្សវិទ្យាល័យ សាកលវិទ្យាល័យ ឬអ្នកដែលកំពុងធ្វើការនោះទេ មុខវិជ្ជា វិទ្យាសាស្រ្តនយោបាយមានសារសំខាន់សម្រាប់ពួកគាត់ ជាពិសេសគឺយុវជននៅកម្រិតសិក្សាវិទ្យាល័យ ដែលខ្ញុំគិតថា ពួកគាត់ គួរតែរៀន អំពីនយោបាយដែរ។ ខ្ញុំមានហេតុផលចំនួនបី ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា គួរតែដាក់ មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ ចូលក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ៖

  1. យុវជននៅវិទ្យាល័យ ជាទូទៅមានអាយុចន្លោះពី១៦ដល់១៨ឆ្នាំ ជាវ័យដែលកំពុងតែចង់ដឹង ចង់ឮ ចង់ចូលរួមសកម្មភាពសង្គមផ្សេងៗក្រៅតែពីការសិក្សានៅសាលា។ ការបញ្ចូលមុខវិជ្ជា វិទ្យាសាស្រ្តនយោបាយនៅថ្នាក់វិទ្យាល័យនេះ មិនមែនយើងផ្ដល់ឲ្យគាត់នូវមេរៀនស៊ីជម្រៅ ដូចជាថ្នាក់បរិញ្ញាប័ត្រ​ ឬអនុបណ្ឌិតនោះទេ។យើងអាចស្រាវជ្រាវនិងជ្រើសរើសមុខវិជ្ជាណា ដែលសំខាន់ៗ សម្រាប់វ័យពួកគាត់​ ដែលគាត់ត្រូវដឹងនិងអាចទទួលចំណេះដឹងបាន។​ ឧទាហរណ៍ដូចជា៖ ការបោះឆ្នោត (គេប្រព្រឹត្តទៅ ប៉ុន្មានឆ្នាំម្ដង? តើបោះឆ្នោតមានអ្វីខ្លះ? ដើម្បីអ្វី?) តើការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តី គេធ្វើទៅយ៉ាងម៉េច? តើយុវជនមាន តួនាទីអ្វីខ្លះនៅក្នុងឆាកនយោបាយ? មេរៀនតិចៗទាំងអស់នេះ វាអាចជួយឲ្យគាត់មាន ចំណេះដឹងទៅគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត​ ឬចូលរួមសកម្មភាពនយោបាយផ្សេងៗ។
  2. យុវជនខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនម្នាក់ ដែលគេពេញចិត្ត ដើម្បីដឹកនាំភូមិឃុំនិងប្រទេសជាតិរបស់គេរយ:ពេល៤ឬ៥ឆ្នាំខាងមុខ។ នេះមាន ន័យថា ភាគច្រើននៃពួកគាត់ប្រហែលជានិស្សិតឆ្នាំទី១ឬទី២ ហើយអ្នកខ្លះទើបតែ ចប់ថ្នាក់ទី១២។ ដូច្នេះ បើសិនជាពួកគាត់មិនយល់ដឹងអំពីការបោះឆ្នោត និងទិដ្ឋភាព នយោបាយទូទៅនៅក្នុងប្រទេសជាតិគាត់ទេ​ ខ្ញុំគិតថាការសម្រេចចិត្តបោះឆ្នោតពួកគាត់អាច នឹងមានភាពមិនច្បាស់លាស់និងស៊ីជម្រៅ។ នេះដោយសារតែ អ្នកខ្លះគាត់បោះឆ្នោតទៅតាម ការសម្រេចចិត្តរបស់ឪពុកម្ដាយ​ ឬសាច់ញាតិជាដើម។ ប៉ុន្ដែ បើសិនជាពួកគាត់បានដឹង ជាមុន មានពេលស្វែងយល់អំពីនយោបាយជុំវិញខ្លួន គាត់នឹងយល់កាន់តែច្បាស់ថា អ្វីទៅជានយោបាយ? តើអ្វីទៅជាការបោះឆ្នោត? អ្នកណាដែលគាត់គួរតែបោះឲ្យ? ម្យ៉ាងវិញទៀត ពេលរៀនចប់ ថ្នាក់វិទ្យាល័យ មិនប្រាកដថា ពួកគាត់នឹងអាចនឹងទទួលបាន ឪកាសរៀនអំពីនយោបាយ ពិភាក្សាអំពីបញ្ហានេះ នៅសាកលវិទ្យាល័យនោះទេ ដោយសារតែនៅសាកលវិទ្យាល័យ​ គាត់ត្រូវផ្ដោតលើជំនាញ​ ជាពិសេសរកការងារធ្វើ។ 
  3. ការបញ្រ្ជាបចូលមុខវិជ្ជាមួយនេះ ចូលទៅកាន់សិស្សវិទ្យាល័យ វាជាពេលវេលាមួយដែល អាចកសាងមូលដ្ឋានគ្រឹះនៃការខ្វាយខ្វល់អំពីបញ្ហាប្រទេសជាតិ និងកសាងវប្បធម៌នៃការអាន ពិភាក្សា និងស្វែងយល់បន្ថែមទៀត ជាជាងចំណាយពេលវេលា ប្រើប្រាស់បណ្ដាញសង្គមច្រើនពេក។
Read more...
Disagree
Mr.វណ្ណ ប៊ុនណា

វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាប្រកបដោយវិទ្យាសាស្ត្រនិងជាប្រព័ន្ធទៅលើនយោបាយ។​ នៅក្នុងមុខជំនាញវិទ្យាសាស្រ្តនយោបាយនេះផងដែរ វាក្តោបទៅលើមុខវិជ្ជាដូចជា ទ្រឹស្តីនយោបាយ​​​ ទស្សនៈវិទ្យានយោបាយ ការប្រៀបធៀបនយោបាយ ទំនាក់ទំនងអន្តរជាតិ​ និងរដ្ឋបាលសាធារណៈជាដើម។​​​​ ងាកទៅរកប្រធានបទខាងលើវិញ កម្ពុជាមិនគួរដាក់បញ្ចូលវិទ្យាសា​ស្រ្តនយោបាយនៅក្នុងកម្មវិធីសិក្សានៅកម្រិតថា្នក់វិទ្យាល័យនោះទេ។​ ហេតុអ្វី? ព្រោះ៖

  1. វិទ្យាសាស្ត្រនយោបាយ ជាមុខវិជ្ជាកម្រិតជំនាញឯកទេស មិនមែន​ជា​មុខវិជ្ជា​បែប​ចំណេះ​ដឹ​​ង​ទូទៅ​សម្រាប់សិស្សចំណេះដឹងនៅថ្នាក់វិទ្យាល័យសិក្សានោះទេ​។​គេត្រូវ​ដឹង​ថា ការសិក្សានៅ​កម្រិត​ថ្នាក់​វិទ្យាល័យ ជាការសិក្សាផ្តោតទៅលើកចំណេះដឹងទូទៅ ដើម្បី​ជាមូលដ្ឋានគ្រឹះ​សម្រាប់​សិស្ស​ចាប់​យក​មុខ​ជំនាញ​ឯកទេស​ផ្សេងៗ នៅ​ក្នុង​ថ្នាក់​មហាវិទ្យាល័យ និង​ថ្នាក់​បន្ត​បន្ទាប់​ទៀត។​ហើយ​ដើម្បី​សិក្សា​វិទ្យាសាស្រ្ត​នយោបាយ​នេះ​បាន​ គឺ​តម្រូ​វ​ឲ្យ​សិស្ស​គួរ​មាន ចំណេះដឹង​ទូទៅ​ឱ្យ​បាន​ទូលំទូលាយពីវិទ្យាល័យសិន​​ជាពិសេសលើមុខវិជ្ជាផ្នែកប្រវត្តិសាស្រ្ត សិក្សាសង្គម ភូមិវិទ្យា ពលរដ្ឋវិទ្យា​ និង​ផ្នែក​ភាសា​ជាដើម។​ 
  2. ក្នុងករណីថា បើចង់បង្រៀនឱ្យ​យុវជន​ក៏​ដូចជា​សិស្ស​ឱ្យ​បាន​ស្វែងយល់​ដឹង​ពី​សិទ្ធិ និង​ករណីយ​កិច្ច​របស់​ពួកគេ​ក្នុងការចូលរួមការអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការពង្រឹង និង​ពង្រីក​ការយល់ដឹង​របស់ពួកគេទៅលើគោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​នយោបាយ​របស់រដ្ឋ គេ​មិន​ចាំបាច់​បញ្ចូល​មុខវិជ្ជា​វិទ្យាសាស្រ្ត​នយោបាយ​ទាំង​ស្រុង​ទៅ​ក្នុង​កម្មវិធី​សិក្សា តែ​គួរ​ពង្រឹង និង​ពង្រីក​មេរៀន​ទាំងនោះ​ទៅ​ក្នុង​មុខវិជ្ជា​ដែល​មាន​ស្រាប់​ ដូចជា​ សិក្សាសង្គម និងពលរដ្ឋវិជ្ជាជាដើ​ម​ ត្បិត​មុខវិជ្ជា​ដែល​ទាក់ទង​នឹង​សិទ្ធិ និង​ករណីយកិច្ច​ របស់​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​មុខវិជ្ជា​នេះ​រួចទៅ​ហើយ​។ ហើយរឿង​ដែលចាំបាច់ត្រូវធ្វើទៅវិញនោះគឺ ការបើក​លំហ​សេរីភាព​សិក្សាធិការ និង​នយោបាយ​ពី​រដ្ឋា ភិបាល​សម្រាប់​សិស្សានុសិស្ស និងលោកគ្រូ​អ្នកគ្រូ​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បី​ឱ្យ​ពួកគាត់​ហ៊ាន​ពិភាក្សា​ដេញ​ដោល​ពី​កិច្ចការ​ប្រទេស​ជាតិ ក៏ដូចជា​នយោបាយ​ ដោយ​មិន​មានការភ័យខ្លាច។​
  3. ដោយសារបច្ចុបន្ន មុខវិជ្ជាសិក្សានៅថ្នាក់វិទ្យាល័យមានចំនួនច្រើនទៅហើយ ដូច្នេះ​ការដាក់​មុខវិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​បន្ថែម​មួយ​ទៀត ​វា​អាច​ជា​ការដាក់​សម្ពាធ​បន្ថែម​ទៅ​សិស្ស ក្នុងការផ្តោតអារម្មណ៍​ទៅ​លើ​មុខ​វិជ្ជាដទៃទៀត។ ប្រសិនបើ​គេ​ចង់​ដាក់​មុខវិជ្ជា​បន្ថែម​ទៀត​ទៅក្នុង​កម្មវិ​ធី​សិក្សាថ្នាក់វិទ្យាល័យនោះ​ គេគួរ​ផ្តល់​អាទិភាព​លើមុខវិជ្ជា​ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) វិញ ព្រោះ​ដើម្បី​រៀបចំ​យុវជន​កម្ពុជា ឲ្យ​ទាន់​សម័យ​ឧស្សាហកម្ម 4.0 ដើម្បី​ជា​ស្ពាន​សម្រាប់​កម្ពុជា​ក្នុង​ការសម្រច​នូវ​ទស្សនៈ​វិស័យ​របស់​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​ន៍ ដែល​មាន​ប្រាក់​ចំណូល​កម្រិ​តខ្ពស់ នៅឆ្នាំ២០៥០៕
Read more...