Drink coffee. Talk politics. Blog opinions

Debate

តើប្រទេសកម្ពុជាគួរតែដាក់បញ្ចូលមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ ចូលក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដែរឬទេ?

50.00% 50.00%
Moderator
Mr.ង៉ិល សម្បតិ្ត

សូមស្វាគមន៍មកកាន់ការតទល់មតិរបស់កាហ្វេនយោបាយ! នេះគឺជាការធ្វើការតទល់មតិលើកទី១របស់យើង​​​ ហើយប្រធានបទគឺ៖​ «តើប្រទេសកម្ពុជា​គួតែដាក់បញ្ចូល​ មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ​ ចូលក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដែរឬទេ?» ដែលមានវត្តមាន​ កញ្ញា​ សាមឿត ស៊ាវម៉េង​ ខាងមតិស្រប​ និង លោក វណ្ណ​ ប៊ុណ្ណា​ ខាងបដិសេធ ដោយម្នាក់ៗ​ជ្រើសរើសយកទឡ្ហីករណ៍តែចំនួន៣ប៉ុណ្ណោះ​ យកមកបកស្រាយ។ សូមបញ្ចាក់ផងដែរថា ទឡ្ហីករណ៍ដែលពួកគាត់បានយកមកដេញដោលនេះ មិនមែនជាមតិផ្ទាល់ខ្លួនរបស់គាត់នោះទេ ដោយសាតែយើងត្រូវកំណត់ឲ្យមានអ្នកស្រប និងអ្នកបដិសេធ។ គោលបំណងនៃការតទល់មតិ គឺដើម្បីលើកកម្នូពស់នូវវប្បធម៌សន្ទនាប្រជាធិបតេយ្យក្នុងចំណោមយុវជននៅកម្ពុជា។

សូមអានការដេញដោលមតិនេះឲ្យបានល្អិតល្អន់ជាមុនសិន​ មុននឹងអ្នកទាំងអស់គ្នាបោះឆ្នោតឲ្យបេក្ខជនរបស់យើង។​ នេះដោយសារតែអ្នកទាំងអស់គ្នាអាចបោះឆ្នោត​ បានតែម្ដងប៉ុណ្ណោះ ដោយប្រើប្រាស់គណនីហ្វេសប៊ុក។​ ក្រុមកាហ្វេនយោបាយ​ មិនមានសិទ្ធិនិងមិនអាចដឹងបានទេ​ថា អ្នកណាបានបោះឆ្នោតបេក្ខជនមួយណា។​ ការបោះឆ្នោត គឺអនាមិកទាំងអស់! រយ:ពេលនៃការបោះឆ្នោត​ គឺពីរសប្ដាហ៍ ហើយអ្នកដែលទទួលបានភាគរយច្រើនជាង​ គាត់គឺអ្នកឈ្នះ។ អ្នកអាចចូលរួមបញ្ចេញមតិយោបល់ទៅលើការដេញដោលនេះ នៅខាងក្រោមបាន!

Read more...
Agree
Ms.សាមឿត ស៊ាវម៉េង

ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជន គួរតែសិក្សាអំពីនយោបាយ។ មិនថាសិស្សវិទ្យាល័យ សាកលវិទ្យាល័យ ឬអ្នកដែលកំពុងធ្វើការនោះទេ មុខវិជ្ជា វិទ្យាសាស្រ្តនយោបាយ មានសារសំខាន់ សម្រាប់ពួកគាត់ ជាពិសេសគឺយុវជននៅកម្រិតសិក្សាវិទ្យាល័យ ដែលខ្ញុំគិតថា ពួកគាត់ គួរតែរៀន អំពីនយោបាយដែរ។ ខ្ញុំមានហេតុផលចំនួនបី ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា គួរតែ ដាក់ មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ ចូលក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ៖

  1. យុវជននៅវិទ្យាល័យ ជាទូទៅមានអាយុចន្លោះពី១៦ដល់១៨ឆ្នាំ ជាវ័យដែលកំពុងតែចង់ដឹង ចង់ឮ ចង់ចូលរួមសកម្មភាពសង្គមផ្សេងៗក្រៅតែពីការសិក្សានៅសាលា។ ការបញ្ចូលមុខវិជ្ជា វិទ្យាសាស្រ្តនយោបាយនៅថ្នាក់វិទ្យាល័យនេះ មិនមែនយើងផ្ដល់ឲ្យគាត់នូវមេរៀនស៊ីជម្រៅ ដូចជាថ្នាក់បរិញ្ញាប័ត្រ​ ឬអនុបណ្ឌិតនោះទេ។យើងអាចស្រាវជ្រាវនិងជ្រើសរើសមុខវិជ្ជាណា ដែលសំខាន់ៗ សម្រាប់វ័យពួកគាត់​ ដែលគាត់ត្រូវដឹងនិងអាចទទួលចំណេះដឹងបាន។​ ឧទាហរណ៍ដូចជា៖ ការបោះឆ្នោត (គេប្រព្រឹត្តទៅ ប៉ុន្មានឆ្នាំម្ដង? តើបោះឆ្នោតមានអ្វីខ្លះ? ដើម្បីអ្វី?) តើការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តី គេធ្វើទៅយ៉ាងម៉េច? តើយុវជនមាន តួនាទីអ្វីខ្លះនៅក្នុងឆាកនយោបាយ? មេរៀនតិចៗទាំងអស់នេះ វាអាចជួយឲ្យគាត់មាន ចំណេះដឹងទៅគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត​ ឬចូលរួមសកម្មភាពនយោបាយផ្សេងៗ។
  2. យុវជនខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនម្នាក់ ដែលគេពេញចិត្ត ដើម្បីដឹកនាំភូមិឃុំនិងប្រទេសជាតិរបស់គេរយ:ពេល៤ឬ៥ឆ្នាំខាងមុខ។ នេះមាន ន័យថា ភាគច្រើននៃពួកគាត់ប្រហែលជានិស្សិតឆ្នាំទី១ឬទី២ ហើយអ្នកខ្លះទើបតែ ចប់ថ្នាក់ទី១២។ ដូច្នេះ បើសិនជាពួកគាត់មិនយល់ដឹងអំពីការបោះឆ្នោត និងទិដ្ឋភាព នយោបាយទូទៅនៅក្នុងប្រទេសជាតិគាត់ទេ​ ខ្ញុំគិតថាការសម្រេចចិត្តបោះឆ្នោតពួកគាត់អាច នឹងមានភាពមិនច្បាស់លាស់និងស៊ីជម្រៅ។ នេះដោយសារតែ អ្នកខ្លះគាត់បោះឆ្នោតទៅតាម ការសម្រេចចិត្តរបស់ឪពុកម្ដាយ​ ឬសាច់ញាតិជាដើម។ ប៉ុន្ដែ បើសិនជាពួកគាត់បានដឹង ជាមុន មានពេលស្វែងយល់អំពីនយោបាយជុំវិញខ្លួន គាត់នឹងយល់កាន់តែច្បាស់ថា អ្វីទៅជានយោបាយ? តើអ្វីទៅជាការបោះឆ្នោត? អ្នកណាដែលគាត់គួរតែបោះឲ្យ? ម្យ៉ាងវិញទៀត ពេលរៀនចប់ ថ្នាក់វិទ្យាល័យ មិនប្រាកដថា ពួកគាត់នឹងអាចនឹងទទួលបាន ឪកាសរៀនអំពីនយោបាយ ពិភាក្សាអំពីបញ្ហានេះ នៅសាកលវិទ្យាល័យនោះទេ ដោយសារតែនៅសាកលវិទ្យាល័យ​ គាត់ត្រូវផ្ដោតលើជំនាញ​ ជាពិសេសរកការងារធ្វើ។ 
  3. ការបញ្រ្ជាបចូលមុខវិជ្ជាមួយនេះ ចូលទៅកាន់សិស្សវិទ្យាល័យ វាជាពេលវេលាមួយដែល អាចកសាងមូលដ្ឋានគ្រឹះនៃការខ្វាយខ្វល់អំពីបញ្ហាប្រទេសជាតិ និងកសាងវប្បធម៌នៃការអាន ពិភាក្សា និងស្វែងយល់បន្ថែមទៀត ជាជាងចំណាយពេលវេលា ប្រើប្រាស់បណ្ដាញសង្គមច្រើនពេក។
Read more...
Disagree
Mr.វ៉ាន់ ប៊ុណ្ណា

វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាប្រកបដោយវិទ្យាសាស្ត្រនិងជាប្រព័ន្ធទៅលើនយោបាយ។​ នៅក្នុងមុខជំនាញវិទ្យាសាស្រ្តនយោបាយនេះផងដែរ វាក្តោបទៅលើមុខវិជ្ជាដូចជា ទ្រឹស្តីនយោបាយ​​​ ទស្សនៈវិទ្យានយោបាយ ការប្រៀបធៀបនយោបាយ ទំនាក់ទំនងអន្តរជាតិ​ និងរដ្ឋបាលសាធារណៈជាដើម។​​​​ ងាកទៅរកប្រធានបទខាងលើវិញ កម្ពុជាមិនគួរដាក់បញ្ចូលវិទ្យាសា​ស្រ្តនយោបាយនៅក្នុងកម្មវិធីសិក្សានៅកម្រិតថា្នក់វិទ្យាល័យនោះទេ។​ ហេតុអ្វី? ព្រោះ៖

  1. វិទ្យាសាស្ត្រនយោបាយ ជាមុខវិជ្ជាកម្រិតជំនាញឯកទេស មិនមែនជាមុខវិជ្ជាបែបចំណេះដឹងទូទៅ ដែលសម្រាប់សិស្សចំណេះដឹងនៅថ្នាក់វិទ្យាល័យសិក្សានោះទេ​។​ គេត្រូវដឹងថាការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យជាការសិក្សាផ្តោតទៅលើកចំណេះដឹងទូរទៅដើម្បីជាមួលស្ថានគ្រឹះសម្រាប់សិស្សចាប់យកមុខជំនាញឯកទេសផ្សេងៗនៅក្នុងថ្នាក់មហាវិទ្យាល័យនិងថ្នាក់បន្តបន្ទាប់ទៀត។​ ហើយដើម្បីសិក្សាវិទ្យាសាស្រ្តនយោបាយនេះបាន​ គឺតម្រូវឲ្យសិស្សគួរមានចំណេះដឹងទូរទៅអោយបានទូរលំទូលាយពីវិទ្យាល័យសិន​​ ជាពិសេសលើមុខវិជ្ជាផ្នែកប្រវត្តិសាស្រ្ត សិក្សាសង្គម ភូមិវិទ្យា ពលរដ្ឋវិទ្យា​ និងផ្នែកភាសាជាដើម។​
  2. ក្នុងករណីថា បើចង់បង្រៀនអោយយុវជនក៍ដូចជាសិស្សអោយបានស្វែងយល់ដឹងពីសិទ្ធិនិងករណីកិច្ចររបស់ពួកគេក្នុងការចូលរួមការអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការពង្រឹងនិងពង្រីកការយល់ដឹងរបស់ពួកគេទៅលើគោលការលទ្ធិប្រជាធិបតេយ្យនិង​ស្ថានប័នយោបាយរបស់រដ្ឋ គេមិនចាំបាច់បញ្ជូលមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយទាំងស្រុងទៅក្នុងកម្មវីធីសិក្សា តែគួរពង្រឹងនិងពង្រីកមេរៀនទាំងនោះទៅក្នុងមុខវិជ្ជាដែលមានស្រាប់ដូចជា​ សិក្សាសង្គម និងពលរដ្ឋវិទ្យាជាដើ​ម​ ត្បិតមុខវិជ្ជាដែលទាក់ទងនឹងសិទ្ធិនិងករណីរបស់ពលរដ្ឋមួយចំនួនត្រូវបានគេដាក់បញ្ជូលទៅក្នុងមុខវិជ្ជានេះរួចទៅហើយ។ ហើយរឿងដែលចាំបាច់ត្រូវធ្វើទៅវិញនោះគឺ ការបើលំហសេរីភាពសិក្សាធិការនិងនយោបាយពីរដ្ឋាភិបាលសម្រាប់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូអោយបានទូលំទូរលាយដើម្បីអោយពួកគាត់ហ៊ានពិភាក្សាដេញដោលពីកិច្ចការប្រទេសជាតិក៍ដូចជានយោបាយដោយមិនបានការភ័យខ្លាច។​
  3. ដោយសារបច្ចុបន្ន មុខវិជ្ជាសិក្សានៅថ្នាក់វិទ្យាល័យមានចំនួនច្រើនទៅហើយ ដូច្នេះការដាក់មុខវិជ្ជាវិទ្យសាស្ត្រនយោបាយបន្ថែមមួយទៀត​ វាអាចជាការដាក់សព្ពាតបន្ថែមទៅសិស្សក្នុងការផ្តោតអារម្មណ៏ទៅលើមុខវិទ្យាដទៃទៀត។ ប្រសិនបើគេចង់ដាក់មុខវិជ្ជាបន្ថែមទៀតទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនោះ​ គេគួរផ្តល់អទិភាពលើមុខវិជ្ជាSTEMវិញ ព្រោះដើម្បីរៀបចំយុវជនកម្ពុជាអោយទាន់សម័យឧស្សាហកម្ម4.0 ដើម្បីជាស្ពានសម្រាប់កម្ពុជាក្នុងការសម្រចនូវទស្សនៈវិស័យរបស់ខ្លួនអោយក្លាយទៅប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលកម្រឹតខ្ពស់នៅឆ្នាំ២០៥០៕
Read more...